កាច់សោកម៉ូតូ មិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗ ប្រជាពលរដ្ឋដេញ តាមចាប់បាន វាយទ្រោមខ្លួន

ភ្នំពេញ៖ ចោរកាច់សោកម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋ ដេញឡោមព័ទ្ធ ចាប់បានវាយឡើង
ទ្រោមខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យ មកធ្វើសកម្មភាព កាច់សោកម៉ូតូមួយគ្រឿង
មិនទាន់បានសម្រេច ហើយត្រូវម្ចាស់ម៉ូតូក្រឡេក ឃើញទាន់ស្រែកចោរៗ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ
ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន បាន
នោះមានឈ្មោះ វណ្ណ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្តុំបុរីកីឡា ខណ្ឌទួលគោក ។ ជនរងគ្រោះឈ្មោះ ហេង ម៉ាប់
ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតនៅព្រៃវែង ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព
លួចកាច់សោកមិនបានសម្រេចនោះម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខ ព្រៃវែង 1D-5787
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់មកពីរត់ឌុបវិញ រួចចតនៅខាងមុខបន្ទប់ជួល រួចចូលក្នុង
បន្ទប់ជួលជាន់លើ បន្តិចក្រោយមកជនរងគ្រោះ បានអើតមើលម៉ូតូស្រាប់តែឃើញ ជនសង្ស័យកំពុងអង្គុយកាច់សោ កម៉ូតូ
របស់ខ្លួន ទើបជនរងគ្រោះរត់ចុះមក រួចស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ រួចគេចខ្លួន ភ្លាមនោះដែរប្រជាពលរដ្ឋ
រស់នៅជិតខាងបានលឺដូច្នេះ ក៏នាំគ្នាដេញតាមឃាត់ខ្លួនបានម្នាក់ រួចស្វាគមន៍ ១ដៃ១ជើង ឡើងទ្រោមខ្លួន រួចប្រគល់ទៅឲ្យ
នគរបាលចាត់ការបន្ត ចំណែកឯបក្ខពួករបស់គេ២នាក់ ទៀតបានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលនាំយក ទៅសាកសួរដើម្បីស្វែងរក បក្ខពួករបស់គេ និងឈានទៅឃាត់ខ្លួនបន្ត៕



Previous
Next Post »