ទៅ​មើល​គេ​ប្រឡង​ច​ម្រៀង ​​ត្រូវ​គេ​លប​កាប់​ដាច់​កដៃ​ឆ្វេង ពិការ​អស់​មួយ​ជីវិត

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួស​ដាច់​កដៃ​ឆ្វេង ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​
ខេត្ត ខណៈ​ជិះ​រថយន្ត​ជាមួយ​អ្នក​ភូមិ ​ទៅ​មើល​គេ​ប្រឡង​ចម្រៀង​សម័យ ​នៅ​ក្នុង​វត្ត ​ លុះ​ពេល​ចុះ​ពីលើ​រថយន្ត​បម្រុង​
ចូល​ទៅ​មើល​គេ​ច្រៀង ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ លួច​កាប់​ចំ​ពីលើ​ក្បាល តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​ ក៏​យកដៃ
ឆ្វេង​រង​ បណ្តាល​ឱ្យ​ចំ​កដៃ​ឆ្វេង​ដាច់​តែម្តង ។
ហេតុការណ៍​ជន​មិន​ស្គាល់​មុខ ​លប​កាប់​បណ្តាល​ឱ្យ​ដាច់​កដៃ​ឆ្វេង​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់
ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្រង់ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុ​ន ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​ដាច់​កដៃ​ឆ្វេង
ជា​កម្មករ​ដំឡូង​មី មានស្រុក​កំណើត​ នៅ​ភូមិ​ឈើ​តុំ ឃុំ​ដំណាក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​
អណ្តូង​ពីរ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ជា​ច្រើន​នាក់​ បាន​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​
របស់​ថៅកែ​ដំឡូង​មី​ បម្រុង​ទៅ​មើល​គេ​ប្រគុំ​តន្ត្រី​ ប្រឡង​ចម្រៀង​សម័យ​ នៅក្នុង​បរិវេណ​វត្ត​ស្រង់​ ស្ថិត​ក្នុងភូមិ​
ខាងលើ លុះ​បើកបរ​រថយន្ត​ទៅ​ដល់​ចត​ ឈប់​នៅ​ក្នុង​បរិវេណ​វត្ត ហើយ​នាំ​គ្នា​ចុះ​ដើរ​បម្រុង​ទៅ​មើល​គេ​ច្រៀង
ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់ ​យក​កាំបិត​ខ្វែវ​ដង​វែង ​ទៅ​កាប់​ប្រហារ ដោយ​បម្រុង​កាប់​ចំ​ពីលើ​ក្បាល
តែ​ជន​រង​គ្រោះ​ក្រឡេក​ឃើញ​ទាន់​ពេល ​ក៏​យកដៃ​រង​បណ្តាល​ឱ្យ​ចំ​កដៃ​ឆ្វេង​ ដាច់​ហូរ​ឈាម​ជោគ​ខ្លួន ហើយ​ត្រូវ​
បាន​អ្នក​ជិតខាង​ឃើញ​ទាន់ ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង ។
ប្រភព​ពី​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ពេល​នេះ​វេជ្ជបណ្ឌិត ​​បាន​​ដេរ​ភ្ជាប់​ឆ្អឹង និង​សាច់​ចូល​គ្នា​វិញហើយ តែ​នៅ​
ពេល​ជា​សះស្បើយ ​ជន​រង​គ្រោះ​ពិការ​ដៃ​នេះ​មួយ​ជីវិត មិន​អាច​ធ្វើការ​អ្វី​កើត​នោះ​ទេ ព្រោះ​ដាច់​ឆ្អឹង​និង​សរសៃ​
អស់​បាត់​ទៅ​ហើយ នៅ​សល់​តែ​ស្បែក​បន្តិច​ សម្រាប់​ដេរ​ភ្ជាប់​វិញ​ប៉ុណ្ណោះ ។
ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា រូបគេ​ទើបតែ​មក​ធ្វើការ​ជា​កម្មករ​ នៅ​ខេត្ត​ប៉ៃលិន​ បាន​រយៈពេល​កន្លះ​ខែ​
ប៉ុណ្ណោះ មិន​ធ្លាប់​មានរឿង​ជាមួយ​អ្នក​ណា​ឡើយ ស្រាប់តែ​ត្រូវ​គេ​លួច​កាប់​របួសធ្ងន់​តែ​ម្តង ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ឃុំ​ស្ទឹង​កាច់ បានឱ្យ​ដឹង​ថា ការ​កាប់​ប្រហារ​គ្នា​នេះ គេ​
សង្ស័យ​ជន​រង​គ្រោះ​ មាន​បញ្ហា​ទំនាស់​ពាក្យ​សម្តី ឬ​គំនុំ​ជាមួយ​ជនសង្ស័យ​ពី​មុន​មក ខណៈ​មក​រស់នៅ​ក្នុង ​
ខេត្ត​ប៉ៃលិន​ ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី ហើយ​ពេល​នេះ​សមត្ថកិច្ច​ កំពុង​តែ​តាម​ស៊ើបរក​ជន​ដៃដល់​
ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕


Previous
Next Post »